ភាពខុសគ្នារវាងលំនៅដ្ឋាន (House) និង​ផ្ទះ (Home)

រូបភាពលំនៅដ្ឋាន (house)​ ឧបត្ថម្ភដោយអង្គការ Cambodia Charity Trip for World Housing

មានការយល់ច្រឡំទៅវិញទៅមកជាញឹកញាប់ចំពោះពាក្យលំនៅដ្ឋាន (House) និងផ្ទះ (Home) ព្រោះតែមានភាពស្រដៀងគ្នា ប៉ុន្តែវាក៏មានភាពខុសគ្នាផងដែរ។ លំនៅដ្ឋាន (House) ដើរតួជាកន្លែងស្នាក់នៅខណៈដែលផ្ទះ (Home) គឺជាកន្លែងរស់នៅរបស់មនុស្សប៉ុន្តែវាមានរឿងជាច្រើនទៀតដែលអ្នកទាំងអស់គួរស្វែងយល់អំពីវា។

លំនៅដ្ឋាន (House) គឺជាអាគារមួយដែលដើរតួនាទីជាផ្ទះ (Home) សម្រាប់មនុស្សស្នាក់នៅ ដែលអាចរាប់បញ្ចូលចាប់ពីខ្ទមសាមញ្ញ និងផ្ទះសម្បែងរហូតដល់សំណង់ដែលមានលក្ខណៈស្មុគស្មាញនិងរឹងមាំ ធ្វើអំពីឈើ ថ្មម៉ាប និងឥដ្ឋ ដែលរួមបញ្ចូលបំពង់ទឹក បំពង់ខ្យល់ និងប្រព័ន្ធអគ្គិសនី។ ជាទូទៅវាដើរតួជាកន្លែងស្នាក់នៅសម្រាប់មនុស្ស។

រូបភាពផ្ទះ (home) បុរាណខ្មែរនៅតាមផ្លូវទៅខេត្តក្រចេះ

សព្វថ្ងៃលំនៅដ្ឋាន (House) ភាគច្រើនដែលសាងសង់តាមវប្បធម៌លោកភាគខាងលិច មានបន្ទប់គេង បន្ទប់ទឹក បន្ទប់បាយមួយឬច្រើន និងបន្ទប់ទទួលភ្ញៀវមួយ។ ជាប្រពៃណីលំនៅដ្ឋាន ភាគច្រើនសាងសង់ឡើងគឺផ្តោតទៅលើការប្រកបរបរកសិកម្ម ដែលរួមមានកន្លែងសំរាប់សត្វចិញ្ចឹមដូចជាជ្រូក មាន់ ទា។ ល។ ហើយកន្លែងចិញ្ចឹមសត្វទាំងនោះអាចជាផ្នែកមួយនៃតួលំនៅដ្ឋាន ដែលម្ចាស់របស់គេរស់នៅក្បែរនោះផងដែរ។

ទាក់ទងនឹងការរចនាលំនៅដ្ឋាន វាអាចមានការផ្លាស់ប្តូរដោយសារតែសកលភាវូបនីយកម្ម នគរូបនីយកម្មនិងមូលហេតុសេដ្ឋកិច្ចសង្គម ប្រជាធិបតេយ្យ និងបច្ចេកវិទ្យាផ្សេងៗ។ កត្តាវប្បធម៌ផ្សេងទៀតក៏អាចមានឥទ្ធិពលលើការរចនាអគារ លំនៅដ្ឋានផងដែរ។ នេះមានន័យថាលំនៅដ្ឋាន អាចត្រូវបានសាងសង់ក្នុងរចនាបថ និងលំនាំខុសគ្នាៗ អាស្រ័យទៅតាមទីតាំងរបស់អ្នក ស្ថានភាពសេដ្ឋកិច្ចរបស់អ្នក ក៏ដូចជាតម្រូវការបច្ចេកវិទ្យានិងសង្គមរបស់អ្នក។

រូបភាពផ្ទះមេគង្គ (Mekong Home) ជាផលិតផលរបស់ក្រុមហ៊ុន​ ISI STEEL

ផ្ទះ (Home) គឺជាកន្លែងមួយសំរាប់ក្រុមគ្រួសារមួយ សមាជិកក្នុងគ្រួសារ ឬគ្រួសារជាច្រើនដែលស្ថិតនៅក្នុងកុលសម្ព័នមួយ រស់នៅអចិន្ត្រៃយ៍ ឬពាក់កណ្តាលអចិន្រ្តៃយ៍។ វាអាចជាលំនៅដ្ឋាន ផ្ទះល្វែង អាផាតមិន ផ្ទះចល័ត ផ្ទះទូក ឬកន្លែងស្នាក់នៅចល័តទាំងឡាយណា ដែលត្រូវបានប្រើប្រាស់ស្នាក់នៅសំរាប់ក្រុមគ្រួសារមួយ ឬសមាជិកក្នុងគ្រួសារផ្សេងទៀត (គឺមានមនុស្សម្នាក់ឬច្រើនដែលចែករំលែកអាហារនិងការស្នាក់នៅជាមួយគ្នា) ។

ផ្ទះ (Home) ដែលមានន័យយ៉ាងសាមញ្ញថា “ជំរុំបេះដូង” ហើយនៅទីបំផុតជំរុំនោះនឹងក្លាយទៅជាកម្មសិទិ្ទដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបានរបស់អ្នក។ ដូចគ្នាផងដែរផ្ទះ ក៏អាចទាក់ទងទៅនឹងកន្លែងដែលបុគ្គលម្នាក់បានធំធាត់ដឹងក្តីឡើង និងជាកន្លែងដែលមនុស្សម្នាក់អាចស្វែងរកការលួងលោម និងក្តីស្រលាញ់ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ។

រូបភាពផ្ទះរបស់តារាកំប្លែង​ នាយពែកមី សាងសង់ជូនឪពុកម្តាយ

លំនៅដ្ឋាន (House) និង​ ផ្ទះ (Home)

តើអ្វីជាភាពខុសគ្នារវាងលំនៅដ្ឋាន (House) និង​ ផ្ទះ (Home)? ខណៈពេលដែលចម្លើយអាចត្រូវបានបកស្រាយតាមនិយមន័យរបស់ពាក្យទាំងពីរខាងលើបានយ៉ាងងាយស្រួល ក៏មានទស្សនៈផ្សេងទៀតលើកឡើងថាលំនៅដ្ឋាន និង​ផ្ទះ មានអត្ថន័យខុសគ្នាដែរ។ នេះអាចបញ្ចាក់បានថា ភាពខុសគ្នារវាងពាក្យទាំងពីរមិនគ្រាន់តែតាមនិយមន័យរបស់ពាក្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចមានអត្ថន័យផ្សេងៗទៅតាមរូបភាពជាក់ស្តែងរាងៗខ្លួនផងដែរ។

លំនៅដ្ឋាន (House) ដែលយើងទាំងអស់គ្នាដឹង គឺអាគារមួយដែលត្រូវបានសាងសង់ឡើងសម្រាប់គោលបំណងនៃការស្នាក់នៅ។ ចំនែកឯផ្ទះ (Home) គឺជាកន្លែងដែលបុគ្គលម្នាក់ៗ ឬមនុស្សមួយក្រុមរស់នៅ ដែលពួកគេអាចចែករំលែកចំណីអាហារនិងការស្នាក់នៅអោយគ្នាទៅវិញទៅមក។ វាអាចជា ផ្ទះថ្មធំ ផ្ទះល្វែង អាផាតមិន ឬខ្ទមធម្មតា។ យើងអាចកត់សម្គាល់បានថាលំនៅដ្ឋាន (House) គឺជាកន្លែងស្នាក់នៅ ទោះបីជាមានមនុស្សរស់នៅឬមិនរស់នៅក៏ដោយ។ លំនៅដ្ឋាន (House) អាចត្រូវបានគេហៅថាផ្ទះ (Home) នៅពេលបុគ្គលម្នាក់ៗ ឬក្រុមមនុស្សមានទំនាក់ទំនងផ្លូវចិត្តជាមួយវា។ ម្យ៉ាងវិញទៀតផ្ទះអាចជាអ្វីដែលអរូបី ដូចជាកន្លែងមួយស្ថិតនៅក្នុងចិត្តរបស់បុគ្គលម្នាក់។ វាអាចមានន័យថាជាកន្លែងដែលបុគ្គលនោះមានអារម្មណ៍ស្រណុកសុខស្រួល និងមានអារម្មណ៍ថាកន្លែងទាំងនោះជាកម្មសិទ្ធិរបស់ខ្លួនដូចជាភូមិ ស្រុក ទីក្រុង ឬសូម្បីតែប្រទេស។

សរុបមកលំនៅដ្ឋាន (House) គឺជាគ្រោងឆ្អឹងសំណង់រឹង ឬអាគារដែលត្រូវបានសាងសង់ដោយឈើនិងឥដ្ឋ តុបតែងជាមួយនឹងគ្រឿងសង្ហារឹមនិងកំរាលព្រំជាដើម។ល។ ខណៈពេលដែលផ្ទះ (Home) ត្រូវបានសាងសង់ឡើងដោយភ្ជាប់ជាមួយអារម្មណ៍នៃបុគ្គលម្នាក់ៗ ក្រុមគ្រួសារមួយ ឬមនុស្សមួយក្រុម។ ដូចគ្នានឹងពាក្យមួយឃ្លាលើកឡើងថា “មនុស្សអាចទិញលំនៅដ្ឋាន (House) បានប៉ុន្តែមិនអាចទិញផ្ទះ (Home) បានទេ។

តារាងប្រៀបធៀប

លំនៅដ្ឋាន (House) ផ្ទះ (Home)
កន្លែងរស់នៅ កន្លែងរស់នៅមួយដែលភ្ជាប់ជាមួយចំណងអារម្មណ៍
កសាងជាគ្រោងសំណង់រឹង​ ឬអាគារ កសាងទំនាក់ទំនងជុំវិញផ្លូវចិត្ត
ផ្ទះបាក់បែក ខ្ទម រោងជាង ផ្ទះថ្ម​ ផ្ទះ អាផាតមិន រួមទាំងស្រុក ទីក្រុង
អាចទិញបាន មិនអាចទិញបាន

ប្រភពអត្ថបទៈ https://theydiffer.com/difference-between-house-and-home/#Definitions

Leave a Reply

Your email address will not be published. Required fields are marked *