ម៉ូតូ​អគ្គិសនី Arc Vector ឡូយ​ត្រង់​ភ្ជាប់ អាវ និង​មួក​ឆ្លាត​វៃ តម្លៃ​ជាង ១១ ម៉ឺន​ដុល្លារ

ក្រុង​ឡុង​ដ៍: នេះ​ជា​ម៉ូតូ​អគ្គិសនី​ថ្មី Arc Vector តម្លៃ ១១៦ ០០០ ដុល្លារ ដែល​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ចក្រភព​អង់គ្លេស និង​ទទួល​បាន​ការ​កោត​សរសើរ​ជា​ម៉ូដែល​មាន​គុណ​ប្រយោជន៍​បំផុត។

ផលិត​ដោយ​ក្រុម​វិស្វករ​មកពី​តំបន់​ខូ​វេន​ទ្រី ម៉ូតូ​អគ្គិសនី​សង់​ពី​គ្រោងកា​បោ​ន​ដ៏​ស្រស់​បំផុត គ្រឿង​បន្លាស់​ប្រើ​របស់​ក្រុមហ៊ុន MotoGP និង​បំពាក់​ថាមពល​អគ្គិសនី​ដែល​ផលិត​ថាមពល ៣៩៩ វ៉ុល។

នោះ​មានន័យថា វា​មាន​សម្ទុះ​ល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ត្រឹម ថិរវេលា ៣,១ វិនាទី និង​ល្បឿន​កំពូល ២០០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង ដោយ​វា​អាច​បរ​បាន​ចម្ងាយ​ផ្លូវ ៣២០ Km។

ខណៈ​ម៉ូតូ​អគ្គិសនី​នេះ ផ្គុំ​ឡើង​ពី​បរិក្ខារសំខាន់ៗ ប្រព័ន្ធ​សុវត្ថិភាព​របស់​វា​ក៏​កាន់តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នកជិះ​ថែម​ទៀត។ វា​ភ្ជាប់​មក​ជា​មួយ​អាវ​ក្រៅ​មួយ ដែល​ផ្ដល់​សញ្ញា​ដល់​អ្នក​ជិះ​ពី​គ្រោះ​ថ្នាក់​ជុំវិញ​ខ្លួន ព្រម​ទាំង​មួក​សុវត្ថិភាព​មួយ ដែល​ផ្ដល់​ព័ត៌មាន​សំខាន់ៗ ដូចជា ល្បឿន កាមេរ៉ា​មុខ​ក្រោយ​លើ​មួក​ដើម្បី​ធានា​ថា អ្នក​មាន​អារម្មណ៍​ដូចជា Iron Man ជិះ​ម៉ូតូ​អ៊ីចឹង។

វា​ជា​ម៉ូ​ដែល​ដំបូង​ដែល​ត្រូវបាន​ផលិតឡើង ដោយ​ក្រុម Arc ជា​វិស្វករ​ជំនាញ​ខាង​បច្ចេកវិទ្យា​នៅ​ចក្រភព​អង់គ្លេស​ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ក្រុម​កំពូល​វិរបុរស Marvel ដោយ​ស្ថាបនិក​ក្រុមហ៊ុន​តែ​ម្ដង។

ស្ថាបនិក Arc ឈ្មោះ ម៉ាក ទ្រូ​មេន អាយុ ៤២ ឆ្នាំ អ្នកនិយម​ម៉ូតូ​ដែល​ធ្លាប់​បម្រើការ​ឲ្យ​ក្រុមហ៊ុន Jaguar Land Rover បាន​ថ្លែង​ថា៖ «នេះ​ជា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ជូន​ព័ត៌មាន​ប្រាប់​អ្នក​ជិះ»។

ដោយមាន​តម្លៃ​ជាង ១១ ម៉ឺន​ដុល្លារ វា​មិន​ថោក​នោះទេ តែ​វា​ទំនងជា​សម្រាប់​អ្នកមាន​ទ្រព្យ​ស្ដុក ដែល​ប្រាថ្នា​ចង់​ស្គាល់​អារម្មណ៍​ថា ខ្លួន​ដូចជា តួអង្គ Iron man រឿង Aven-gers អ៊ីចឹង៕

Source : https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *